សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទៈ ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ
លោកជំទាវ លំ គន្ធារី មានប្រសាសន៍ថា ប្រធានបទនេះ មានគោលបំណងអំពាវនាវចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះសាធារណជន និងបងប្អូន រួមជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា និងបណ្ដុំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលនេះជាប្រការចាំបាច់បំផុតក្នុងការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ក្នុងការបើកប្រទេសជាតិឡើងវិញគ្រប់វិស័យ។
ជាមួយគ្នានេះដែរ ប្រធានបទនេះបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់កាកបាទក្រហមកម្ពុជា ក្នុងការរឹតបន្តឹងកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកយុវជន និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ តាមទិសស្លោក “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ” និងបន្តខិតខំសម្រេចឱ្យបានល្អប្រសើរឡើង។
លោកជំទាវ មានប្រសាសន៍បន្តទៀតថា ក្នុងទិវាអន្តរជាតិ នៃអ្នកស្ម័ក្រចិត្ត ៥ ធ្នូ ២០២១ ដ៏ប្រសើរថ្ងៃនេះ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា បងប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពាររាល់ឧបសគ្គ និងជម្នះបញ្ហាប្រឈមនានា ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ពាំនាំនូវសារគន្លឹះ ទប់ស្កាត់ជំងឺកូវីដ-១៩ បានទៅដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងកន្លែងនានា ធ្វើការអប់រំផ្សព្វផ្សាយតាមរយៈសកម្មភាពមិត្តអប់រំមិត្ត តាមឧឃោសនសព្ទ តាមរថយន្តចល័តក្នុងសហគមន៍ តាមបណ្ដាញសង្គម តាមប្រព័ន្ធព័ត៌មាន។ល។
លោកជំទាវ លំ គន្ធារី ក៏បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវតែលើកកម្ពស់ស្មារតីស្ម័គ្រចិត្ត និងសូមគោរពថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការជួយឧបត្ថម្ភ គាំទ្រដោយសទ្ធាជ្រះថ្លា ដោយការស្ម័គ្រចិត្ត ដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែងដើម្បីបុព្វហេតុមនុស្សធម៌ និង សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តពង្រឹងកម្លាំងសាមគ្គីភាពជាមួយកាកបាទក្រហមកម្ពុជា ជារៀងដរាបតទៅ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ធូ កុសល


.j.jpg)


0 comments:
Post a Comment