សម្តេចតេជោ ហ៊ុន សែន៖ ស្ថាប័នព័ត៌មាន គឺជាផ្នែកមួយដែលបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ បង្កើតដោយក្រុមប្រឆាំង និងក្រុមឱកាសនិយម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្ថាប័នព័ត៌មាន គឺជាផ្នែកមួយដែលបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន។
នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងសារលិខិតនោះថា ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង
និងក្រុមឱកាសនិយមមួយចំនួនដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេ។
«ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយ អំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ ដឹងពីសភាពការណ៍ពិតនៅកម្ពុជា»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ ទោះបីសភាពការណ៍នៅលើសកលលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏អ្នកសារព័ត៌មានបានខិតខំពុះពាររាល់ឧបសគ្គ ដែលប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាកនានា ដើម្បីបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹង ដើម្បីស្វែងយល់អំពីសភាពការណ៍ពិត ដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ទោះបីជាកម្ពុជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងសហគមន៍ ក៏បញ្ហានេះរាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសភាពការណ៍បាន ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ គឺចំនួនអ្នកឆ្លងមេរោគកូវីដ-១៩នៅកម្ពុជា មានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជាឡើយ។
សម្តេចបានចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំធេងដោយមានការទទួលខុសត្រូវ និងកិច្ចសហការល្អរបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់ និងចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ និងឆ្លើយតបបានទាន់ពេលវេលា។ កត្តាទាំងនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាសុខសន្តិភាពនៅកម្ពុជា។
បន្ថែមលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ផងដែរ៕
0 comments:
Post a Comment