អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណ លើកទឹកចិត្ត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាង៦០០នាក់ និងអំពាវនាវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
(ត្បូងឃ្មុំ)៖ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រមាណ៦៥០នាក់ ក្នុងខេត្តត្បូងឃ្មុំ។
សំណេះសំណាល នៅសាលប្រជុំ(ធំ)សាលាខេត្តត្បូងឃ្មុំ នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា អាជីពជាគ្រូពេទ្យ ជាអាជីពប្រៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។
លោកបណ្ឌិត អភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិ នៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងខេត្តត្បូងឃ្មុំយើង បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ឃ្លាតឆ្ងាយកូន ភរិយា ស្វាមី និងក្រុមគ្រួសារ មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្ត្រាចារ្យ, លោកគ្រូ, អ្នកគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាលកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមរួមគ្នាថែរក្សាសន្តិភាព ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា សូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណនៅអាណត្តិបន្តបន្ទាប់ទៀត។
បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ មានគ្រូពេទ្យចំនួន១៥៥៨នាក់ មានការិយាល័យជុំវិញមន្ទីរ ចំនួន៤ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧ មន្ទីរពេទ្យបង្អែកចំនួន៧ (គឺមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្គ្រប់កម្រិត៣ចំនួន១(ដែលជាមន្ទីរពេទ្យខេត្តបំពាក់សម្ភារៈទំនើបៗគឺមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ) មន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្រ្គប់កម្រិត២ ចំនួន៤(គឺមន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកពញាក្រែក មន្ទីរពេទ្យបង្អែកក្រូចឆ្មារ) និងមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្រ្គប់កម្រិត១ចំនួន២ (គឺមន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ មន្ទីរពេទ្យបង្អែកស្រុកតំបែរ) និងមណ្ឌលសុខភាពចំនួន ៧៤ និងប៉ុស្តិ៍សុខភាពចំនួន១៕
0 comments:
Post a Comment