សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, October 10, 2021

ប្រមុខការទូតកម្ពុជាលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្រ បន្ថែមទៀតដល់វិស័យអាទិភាពទាំងបួន នៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក

ចំនួនអ្នកទស្សនា: Views

 

ប្រមុខការទូតកម្ពុជាលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្រ បន្ថែមទៀតដល់វិស័យអាទិភាពទាំងបួន នៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក


ភ្នំពេញ ៖​ ថ្លែងក្នុងកិច្ចពិភាក្សាការងារតាមទូរស័ព្ទ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារី អូស្រ្តាលី កាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២១ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស- អាមេរិក (AUKUS) ដែលទើបត្រូវបានបង្កើតឡើងនាពេលថ្មីនេះផងដែរ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយរួមបញ្ចូល ទាំងវឌ្ឍនភាពស្ថិតក្រោមភាពជាដៃគូមេគង្គ-អូស្រ្តាលី ផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងប្រទេសទាំងពីរ សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេស នៅពេលដែលកម្ពុជាធ្វើជាប្រធាន អាស៊ាននៅឆ្នាំក្រោយ។

ចំពោះបញ្ហាតំបន់ លោកជំទាវ ម៉ារីស ផេន បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីបញ្ហានានាពាក់ព័ន្ធនឹងភាពជាដៃគូ AUKUS និងគោលបំណងរបស់ភាពជាដៃគូនេះ។ លោកជំទាវ បានសង្កត់ធ្ងន់ថា AUKUS ត្រូវបានបង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និង សមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះឡើយ។ បន្ថែមលើនេះផងដែរ AUKUS មិនមែនជាការបន្ថែមទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុង តំបន់នោះទេ។ ជាផ្នែកមួយនៃ AUKUS ប្រទេសអូស្ត្រាលី នឹងអាចទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើន សមត្ថភាពរបស់កងនាវាចរ អូស្ត្រាលី។ លោកជំទាវ បានបញ្ជាក់ជាថ្មីថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចនៃការមិនរីកសាយ​ភាយនៃអាវុធនុយក្លេអ៊ែរ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។

លោកជំទាវ ម៉ារីស ផេន ក៏បានអះអាងជាថ្មីនូវការបន្តគាំទ្ររបស់អូស្រ្តាលីចំពោះមជ្ឈភាពអាស៊ាន និងគោលការណ៍នានា ដែលមានចែង នៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តប្រកាន់ខ្ជាប់ នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ម៉ារីស ផេន សម្រាប់ព័ត៌មានពាក់ព័ន្ធ AUKUS ។ ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់អូស្រ្តាលីក្នុងការគាំទ្រមជ្ឈភាពអាស៊ាន និងពង្រីកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ជាពិសេសសន្ធិសញ្ញា TAC SEANWFZ និងតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត (ZOPFAN)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលីឱ្យមានការចូលរួមប្រកបដោយស្ថាបនាជាមួយអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងការ កសាងការទុកចិត្ត និងជំនឿជាក់លើគ្នាទៅវិញទៅមក សំដៅការពារបាន នូវនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ការបំផ្លិចបំផ្លាញ និងការឈឺចាប់រាប់មិនអស់ជាច្រើនទសវត្សរ៍ ចង់ឃើញតំបន់ទាំងមូលនៅតែ រក្សាបាននូវសន្តិភាព ស្ថិរភាព និង វិបុលភាព ហើយនិងបានសង្ឃឹមថា AUKUS នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែងដែលកំពុង មានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀតនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អូស្រ្តាលី និងដៃគូខាងក្រៅរបស់អាស៊ានឱ្យគាំទ្រ បន្ថែមទៀតដល់វិស័យអាទិភាព ទាំងបួន នៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងទស្សនៈវិស័យ អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការ លម្ហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់បន្ទាន់ ដែលមានសារសំខាន់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ រួមមានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ៕ដោយ ៖ យី វិច្ឆិកា 



k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640