ស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានរៀបចំយន្តការពង្រឹងសមត្ថភាព ប្រជាសហគមន៍នេសាទនៅក្នុងស្រុកសៀមបូក ដើម្បីបង្កើនការអភិរក្សសត្វផ្សោតមេគង្គនិង គ្រប់គ្រងធនធានជីវចម្រុះ ឲ្យមានប្រសិទ្ធភាព ។
ក្នុងកិច្ចប្រជុំពង្រឹងការងារអភិរក្សសត្វផ្សោតមេគង្គ នៅភូមិត្បូងខ្លា ឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤មីនាឆ្នាំ២០២១នេះ លោកវង់សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា៖សមាជិកសហគមន៍នេសាទត្រូវធ្វើប្រតិបត្តិការរួមគ្នាអភិរក្សសត្វផ្សោតមេគង្គនិងត្រីមេពូជដែលកំពុងប្រឈមទៅនឹងការផុតពូជ។
លោកបន្តថា៖យន្តការអភិរក្សនេះប្រជាសហគមន៍ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ ប្រសិនបើមានបទល្មើសនេសាទខុសច្បាប់កើតឡើង ត្រូវពន្លឿនការផ្តល់ព័ត៌មាន បង្ហាញភូមិសាស្ត្រ ប្រាប់ពីមុខសញ្ញាឲ្យបានរហ័ស និងរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា ។
លោក ម៉ម សោភណ្ឌនាយប៉ុស្តិនគរបាលឃុំសៀមបូកបានអះអាងថា៖នៅអន្លង់អភិរក្សផ្សោតត្បូងខ្លានេះពិតជាមាន កូនសត្វផ្សោតកើតថ្មីមែន ព្រោះនៅពេលចុះល្បាតម្តងៗតែងជួបប្រទះវាហែលបង្ហាញខ្លួនតាមមេរបស់វា។
លោកបន្តថា៖នៅតំបន់ស្នូលនេះមានប្រជាអ្នកនេសាទមួយចំនួន ចេះតែលួចលាក់ធ្វើនេសាទខុសច្បាប់ ដូចជាដាក់មងក្រឡាធំ ខ្លះលួចប្រើឧបករណ៍ឆក់ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត។
លោក សនស៊ីសារាំង ប្រជាសហគមន៍នេសាទនៅភូមិត្បូងខ្លាឃុំអូរម្រះបានទទួលស្គាល់ថា៖បទល្មើសនេសាទប្រភេទនេះ ពិតជានៅកើតមាន តែបទល្មើសនេះជនសង្ស័យ ច្រើនលួចលាក់ធ្វើនេសាទនៅពេលយប់ ដែលបង្កបញ្ហាប្រឈមក្នុងការចុះបង្ក្រាប ព្រោះ នៅខែប្រាំងក្បាលថ្មផុសចេញពីទឹកច្រើន អាចបង្កគ្រោះថ្នាក់នៅពេលបើកទូកប្រដេញជនសង្ស័យ។
លោកបន្តថា៖ទោះជាយ៉ាងណាប្រជាសហគមន៍នៅតែព្យាយាមមិនចោលកិច្ចការងារបង្ក្រាបនេះទេ ហើយបើគិតចាប់ពីដើមខែមករា មកដល់ពាក់កណ្តាលខែមីនានេះ សហគមន៏និងមន្ត្រីឆ្មាំចុះល្បាតបានចំនួន(២៣លើក)និងបានប្រដេញទូកជនសង្ស័យទៅដល់ទឹកដីស្រុកសំបូរខេត្តក្រចេះផងដែរ។
សូមបញ្ជាក់ថា៖ សត្វផ្សោតមេគង្គនៅអន្លង់ត្បូងខ្លាក្នុងខែមីនានេះ កើតកូនបានមួយទៀត ដូចនេះប្រជាសហគមន៍នេសាទនៅតាមបណ្តាមូលដ្ឋាន ត្រូវបង្កើនការចុះល្បាតឱ្យបានញឹកញាប់ដើម្បីថែរក្សាវាឱ្យរស់នៅបានគង់វង្ស៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeWI3QVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ae67ef2952ed30adc0cfd78cba3e981a6d4acae6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-03-15_13-26-30.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeWY3QVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9d541d087ea8560c5043f6bbd79804edc02f1bc1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-03-15_13-26-26.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeVg3QVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a0ac5e34d643bf3dc4e82ec53b5ddd1ba95e269b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-03-15_13-26-35.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeVQ3QVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1fa5b642e38219a5c3dd8a4c2c26fdaf4f0bbbbe/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-03-15_13-26-39.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeVA3QVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--efa518711be1e15f25466554e9e8acebb571368f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-03-15_13-26-43.jpg)
0 comments:
Post a Comment