(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អមដំណើរដោយ លោក គីម រិទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យអគារពាណិជ្ជកម្ម ជីន យុន មានទីតាំងស្ថិតនៅភូមិព្រែកសិង្គ ឃុំសំពៅពូន ស្រុកកោះ ធ្វើជាមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល។

ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូន ក្មួយៗ ចំនួន ៦៨៦នាក់ ដែលត្រូវដល់ថ្ងៃកំណត់អនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ក្រោយពីពួកគាត់ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តចំនួន៣ដង ទទួលបានលទ្ធផលអវិជ្ជមាន និងបានធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅអគារស្នាក់នៅរួម របស់សណ្ឋាគារ យុង យ័ន ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ឯកឧត្តម អភិបាលខេត្ត បានអរគុណដល់ អជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារ យ៉ាងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងស្ថានការណ៍ នៃការផ្ទុះឡើងការរាតត្បាតមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ ហើយក៏ អរគុណដល់ ប្អូនៗ ក្មួយៗ ដែលបានចូលរួមសហការយ៉ាងល្អ ក្នុងការគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ដែលធ្វើឱ្យពួកគាត់ បានគេចផុតពីការវាយប្រហារ ដោយសារមេរោគដ៏កាចសាហាវនេះ និងសូមបន្តអនុវត្ត និងផ្សព្វផ្សាយ គោលការណ៍នេះ ឱ្យបានខ្ជាប់ខ្ជួន ទៅដល់មិត្តភក្តិ បងប្អូន ក្រុមគ្រួសារ សាច់ញាតិ ឱ្យបានយល់ដឹងគ្រប់ៗគ្នា។

សូមជម្រាបថា ចំពោះ បង ប្អូន ក្មួយៗ ដែលបានយកសំណាកធ្វើតេស្តចំនួន៣ដង មានលទ្ធផលអវិជ្ជមាន និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក្រុមគ្រូពេទ្យជំនាញរបស់យើង ផ្តល់ជូននូវលិខិតបញ្ជាក់សុខភាពជូនពួកគាត់ផងដែរ៕


0 comments:
Post a Comment