សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, February 17, 2021

ក្រសួងយុត្តិធម៌៖ ព្រះរាជក្រឹត្យថ្មី ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស ជាឧបករណ៍ជំរុញឲ្យទណ្ឌិត ឆាប់កែប្រែខ្លួនជាមនុស្សល្អ

ចំនួនអ្នកទស្សនា: Views


ការថ្លែងរបស់លោក គឹម សន្តិភាព បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំស្តីពី «ការផ្សព្វផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស» និងពង្រឹងការងារស្នើសុំអនុគ្រោះទោស ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើបន្ធូរបន្ថយទោស និងការលើកលែងទោស នៅទីស្តីការក្រសួយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រះរាជក្រឹត្យថ្មីនេះ គឺជាព្រះរាជក្រឹត្យដែលបើកឱកាសឲ្យទណ្ឌិត និងលើកទឹកចិត្តឲ្យទណ្ឌិត ក្នុងការអប់រំកែប្រែខ្លួន ដើម្បីទទួលបានការអនុគ្រោះទោស ពីព្រះមហាក្សត្រ។ ពីមុនមាន ៣ឱកាស ឥឡូវមាន ៥ឱកាស អញ្ចឹងនេះជាឧបករណ៍ដើម្បីលើកទឹកចិត្ត ដើម្បីជំរុញឲ្យគាត់មានការកែប្រែខ្លួន នៅក្នុងពន្ធនាគារ ដែលជាលក្ខខណ្ឌចាំបាច់មួយ ដែលអាចទទួលបានការអនុគ្រោះទោស»។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យថ្មី ស្តីពីការបន្ថូរបន្ថយទោស និងលើកលែងទោស។

ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖

១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

មាត្រាដដែលនេះ បានកំណត់បន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា។

យោងតាមមាត្រា៥ នៃព្រះរាជក្រឹត្យខាងលើ បានកំណត់ថា ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖

* ភ្ញាក់រលឹកខិតខំកែប្រែគំនិតមាយាទ ឲ្យក្លាយជាពលរដ្ឋសុច្ចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមវិញ
* គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត
* ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម
* គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមសេចក្តីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។

បើតាមលោក គឹម សន្តិភាព បានថ្លែងឲ្យដឹងថា ក្នុងពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ទាំង៥ដងក្នុងមួយឆ្នាំ មិនមានការកំណត់ចំនួនទណ្ឌិតទេ ពោលឲ្យតែទណ្ឌិតបំពេញគ្រប់លក្ខខណ្ឌ និងកែប្រែខ្លួនជាមនុស្សល្អវិញ សុទ្ធតែអាចដាក់ពាក្យស្នើសុំការលើកលែងទោស និងបន្ធូរបន្ថយទោសបានទាំងអស់។ លោកបន្តថា មានតែអង្គព្រះមហាក្សត្រទេ ដែលអាចប្រទានទោសដល់ទណ្ឌិតបាន បន្ទាប់ពីមានការថ្វាយលិខិតសំណើពីនាយករដ្ឋមន្ត្រី តាមការស្នើសុំពីទណ្ឌិតទាំងនោះ។ លោកថ្លែងទៀតថា គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើបន្ធូរបន្ថយទោស និងការលើកលែងទោស គឺជាក្រុមបច្ចេកទេស ក្នុងការត្រួតពិនិត្យថា តើទណ្ឌិតរូបណាខ្លះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការអនុគ្រោះ។

មាត្រា៧ នៃព្រះរាជក្រឹត្យថ្មីនេះដែរ បានកំណត់ថា ទណ្ឌិតដែលអាចទទួលបានការបន្ធូរបន្ថយទោស លុះត្រាតែទណ្ឌិតនោះ បានបំពេញលក្ខខណ្ឌតាមមាត្រា៥ និងបានទទួលរងទោស ១/៣ នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន។

ក្នុងមាត្រាដដែលបានបញ្ជាក់ទៀតថា រយៈពេលនៃការបន្ធូរបន្ថយទោសត្រូវកំណត់ដូចតទៅនេះ៖

* ១៖ ទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំ ដល់ក្រោម ៥ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ខែ។
* ២៖ ទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ដល់ក្រោម ១០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៦ខែ ឬ៣ខែ។
* ៣៖ ទោសដាក់ពន្ធនាគារកំណត់ពី ១០ឆ្នាំ ដល់ក្រោម ២០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៩ខែ ឬ ៦ខែ ឬ ៣ខែ។
* ៤៖ ទោសដាក់ពន្ធនាគារកំណត់ពី២០ឆ្នាំ ដល់ ៣០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ១២ខែ ឬ ៩ខែ ឬ ៦ខែ ឬ ៣ខែ។
* ៥៖ ទោសដាក់ពន្ធនាគារមួយជីវិត អាចនឹងបន្ថយទោសលើកទី១ មកនៅត្រឹម ៣០ឆ្នាំ។

មាត្រា៩ នៃព្រះរាជក្រឹត្យដដែល បានចែងដែរថា ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសបានតែម្តងគត់ ក្នុងរយៈពេល ១២ខែ។ ជាមួយគ្នានេះ ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសច្រើនដងបាន លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោសពាក់កណ្តាលនៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងកថា ខណ្ឌទី១ខាងលើ។

បន្ថែមលើនេះ ចំពោះទណ្ឌិតដែលត្រូវបានកំណត់ទោសដាក់ពន្ធនាគារមួយជីវិត ក្រោយពីបានបន្ថយមកនៅត្រឹម ៣០ឆ្នាំ អាចនឹងបានទទួលការបន្ធូរបន្ថយទោសច្រើនដងទៀតបាន។ ប៉ុន្តែទោះជាទណ្ឌិតនោះ បានទទួលការបន្ធូរបន្ថយ ទោសច្រើនដងក៏ដោយ ក៏រយៈពេលនៃការទទួលរងទោសទាំងអស់ត្រូវឲ្យបានយ៉ាងតិច ២០ឆ្នាំ។

បើតាមមាត្រា១០ នៃព្រះរាជក្រឹត្យនេះ, ទណ្ឌិតដែលបំពេញលក្ខខណ្ឌតាមមាត្រា៥ អាចទទួលបានការលើកលែងទោស ក្នុងករណីទណ្ឌិតបានទទួលបានរងទោសដាក់ពន្ធនាគារ៖

* ចំនួន ២/៣
* ទណ្ឌិតដែលទទួលទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលការលើកលែងទោស ប្រសិនបើទណ្ឌិតនោះបានអនុវត្តទោសយ៉ាងតិច ៣០ឆ្នាំ ឬ២០ឆ្នាំ ក្នុងករណី ដែលមានការបន្ធូរបន្ថយទោស។

សូមជម្រាបថា មុនចេញព្រះរាជក្រឹត្យថ្មីនេះ ការស្នើសុំការបន្ថួរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិត ធ្វើឡើងក្នុងពិធីបុណ្យធំៗរបស់ជាតិចំនួន ៣តែប៉ុណ្ណោះ រួមមាន៖

* ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
* ពិធីបុណ្យវិសាខបូជា
* និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោក គឹម សន្តិភាព បានឲ្យដឹងថា នៅឆ្នាំ២០២០ ទណ្ឌិតដែលបានធ្វើសំណើសុំលើកលែងទោស និងបន្ធូរបន្ថយទោស មានចំនួនសរុប ១៧៥៣នាក់ ស្រីមានចំនួន ១១៣នាក់។ ក្នុងនោះ ទណ្ឌិតដែលធ្វើសំណើសុំលើកលែងទោសមានចំនួន ៥១៦នាក់ និងទណ្ឌិតធ្វើសំណើសុំបន្ធូរបន្ថយទោសមានចំនួន ១២៣៧នាក់។

លោកបន្តថា នៅឆ្នាំ២០២០នេះដែរ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបមានចំនួន ៩៣១នាក់ ស្រីមានចំនួន ៩០នាក់។ ក្នុងនោះ ទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួន ៥៥នាក់ និងទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640