នាយកដ្ឋានសារមន្ទីរ និង ស្ថានទូតសហរដ្ឋអាមេរិក សម្ពោធដាក់ឱ្យដំណើរការ កាតាឡុករបស់សារមន្ទីរខេត្ត ចំនួន០៦ សារមន្ទីរតាមប្រព័ន្ធអ៊ីនធើណេត
ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នាយកដ្ឋានសារមន្ទីរ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំពិធីសម្ពោធ «ការដាក់ឱ្យដំណើរការកាតាឡុករបស់សារមន្ទីរខេត្ត ចំនួន០៦សារមន្ទីរតាមប្រព័ន្ធអ៊ីនធើណេត» នាថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់សារមន្ទីរជាតិ។
កាតាឡុករបស់សារមន្ទីរខេត្ត ចំនួន០៦សារមន្ទីរ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនៅលើប្រព័ន្ធអ៊ីនធើណេតនេះ ជាលទ្ធផលនៃ
គម្រោងរយៈពេលមួយឆ្នាំ (កញ្ញា ២០២១- សីហា ២០២២) របស់នាយកដ្ឋានសារមន្ទីរក្រោមកិច្ចគាំទ្ររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពី«ប្រព័ន្ធទិន្នន័យសមុច្ច័យនៃសារមន្ទីរខេត្ត-ក្រុង»ឧបត្ថម្ភថវិកាដោយស្ថានទូតអាម៉េរិក។
សារមនី្ទរទាំង០៦ ដែលបានចូលរួមអនុវត្តគម្រោងនេះមាន៖ សារមន្ទីរខេត្តតាកែវ សារមន្ទីរស្រុកអង្គរបុរី សារមន្ទីរខេត្តព្រៃវែង សារមន្ទីរខេត្តពោធិ៍សាត់ សារមន្ទីរខេត្តកំពង់ធំ និងសារមន្ទីរខេត្តកំពង់ឆ្នាំង។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ពីរគឺ៖
ទី១.ដើម្បីកែសម្រួល និងពង្រីកប្រព័ន្ធទិន្នន័យសមុច្ច័យដែលសារមនី្ទរជាតិកម្ពុជាតាំងពីច្រើនឆ្នាំកន្លងមក ដើម្បីបំពាក់ប្រព័ន្ធនោះទៅដល់សារមន្ទីរខេត្ត ទី២. ដើម្បីដាក់បញ្ចូលទិន្នន័យសមុច្ច័យរបស់សារមន្ទីរខេត្តទាំង០៦សារមន្ទីរ ទៅក្នុងកាតាឡុកដែលនឹងបង្ហោះលើប្រព័ន្ធអ៊ីនធើណិតដូចសារមនី្ទរជាតិបានធ្វើរួចមកហើយតាំងពីឆ្នាំ២០១៤។
បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះ សាធារណជន អាចស្វែងរក ទិន្នន័យសមុច្ច័យរបស់សារមនី្ទរទាំង០៦នៅលើប្រព័ន្ធអ៊ីនធើណេត ដោយចូលតាម
គេហទំព័ររបស់សារមនី្ទរជាតិ www.cambodiamuseum.info។ ការដាក់បង្ហោះទិន្នន័យសមុច្ច័យទាំង០៦ នេះជាការចូលរួមថែរក្សា លើកតម្លៃ និងផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌខ្មែរទៅដល់មហាជន ជាពិសេសគឺសម្រួលដល់អ្នកស្រាវជ្រាវដែលមានបំណងស្វែងយល់បន្ថែមពីសម្បត្តិវប្បធម៌ខ្មែរនៅតាមបណ្តាខេត្ត។
សូមបញ្ជាក់ផងដែរថា គម្រោងខាងលើជាគម្រោងសាកល្បងដំណាក់កាលទី១។ នាយកដ្ឋានសារមន្ទីរក៏មានបំណងនឹងពង្រីកគម្រោងដូចគ្នានេះទៅដល់សារមន្ទីរខេត្តដទៃផ្សេងទៀតនៅថ្ងៃអនាគតក្នុងគោលបំណងឱ្យសារមន្ទីរទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រព័ន្ធទិន្នន័យវត្ថុក្នុងឃ្លាំងថ្នាក់ជាតិរួមគ្នាមួយ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សារមន្ទីរជាតិ
0 comments:
Post a Comment