សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, March 25, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលមានតម្លៃជាង ៤០លានដុល្លារអាម៉េរិក

ចំនួនអ្នកទស្សនា: Views

 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលមានតម្លៃជាង ៤០លានដុល្លារអាម៉េរិក



 កំពង់ស្ពឺ: ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដែលកសាងឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានតម្លៃជាង៤០,៨៨លានដុល្លារអាម៉េរិក ត្រូវបានពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថានទូតចិន ប្រចាំកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីឆ្នាំ២០០៣-២០០៤ ផ្លូវជាតិលេខ៥១នេះ បានស្ថាបនាម្តងរួចមកហើយជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ហើយនៅអំឡុងឆ្នាំ២០០៩ ផ្លូវនេះបានទទួលរងការខូចខាតយ៉ាងដំណំ ដោយសារកត្តានៃការប្រើប្រាស់ និងសកម្មភាព ដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើងយ៉ាងគំហុក រួមផ្សំទាំងការដឹកលើសទម្ងន់កម្រិតកំណត់ ផងដែរ ហើយក្នុងអំឡុងពេលនោះ ផ្លូវនេះបានត្រឹមតែធ្វើការជួសជុល និងថែទាំប្រចាំឆ្នាំដោយ ប្រើប្រាស់កញ្ចប់ថវិកាជាតិប៉ុណ្ណោះ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ដោយសារផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយបណ្តាញ ខ្សែផ្លូវសំខាន់ៗ (ពិសេសផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥) ដែលជាហេតុធ្វើឱ្យចំនួនចរាចរណ៍ និងការដឹកជញ្ជូនគ្រប់ប្រភេទពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបនៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យធ្វើការជួសជុល និងស្តារផ្លូវនេះឡើងវិញ ដោយក្រាលបេតុងកៅស៊ូAC ព្រមទាំងពង្រីកទទឹងតួផ្លូវឱ្យធំជាងមុន ផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនា ដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ដោយក្នុងនោះ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង១,៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង ០,៥០ម៉ែត្រ។ គម្រោងនេះ បានសាងសង់លូជ្រុងចំនួន ២០កន្លែង, លូមូលចំនួន ៦៧កន្លែង, លូដាក់តាម ប្រឡាយសងខាងចំនួន ៩៧កន្លែង រួមទាំងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបរិក្ខារសុវត្ថិភាពផ្លូវថ្នល់ផ្សេងៗទៀត។ គម្រោងនេះ អនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់ រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបប្រមាណ ៤០,៨៨លានដុល្លារអាម៉េរិក ដែលជាហិរញ្ញប្បទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគូសបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្ត្ររវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៥ ផ្លូវជាតិលេខ៤១ (និងតភ្ជាប់ទៅផ្លូវជាតិលេខ៣) ផ្លូវជាតិលេខ៤២ (ទៅរាជធានី ភ្នំពេញ) និងផ្លូវលេខ១៤៤០ (ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ)។ ខ្សែផ្លូវនេះបាន និងកំពុង ដើរតួនាទី យ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារ នៅតំបន់នេះ សម្បូរណ៌ទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍ វិស័យ អចលនទ្រព្យ ដូចជា លំនៅឋាន និង បុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្ដោយខ្សែផ្លូវនេះ។ បន្ថែមពីលើនេះ ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេស ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិង ចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិនឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara


 
k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640