ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បានទទួលអំណោយពីរាជរដ្ឋាភិបាល
កំពង់ឆ្នាំង :ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
នៅថ្ងៃ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម នៃ ចារី និង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ឯកឧត្តម ឡុច វណ្ណារ៉ា និង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់នាំមន្ទីរមួយចំនួនបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជានបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៧៦គ្រួសារ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម បានសម្ដែងនូវការសោកស្ដាយបំផុត ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ក៏ដូចជាការខូចខាតផ្ទះសម្បែង ដែលបង្ករឡើងដោយគ្រោះមហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមានឡើងនៅគ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះសូមបងប្អូននៅពេលដែលមានភ្លៀងលាយឡំជាមួយនឹងខ្យល់ខ្លាំង សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់ក្រុមការងារ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ចៀសឱ្យផុតពីការឆ្លងជំងឺកូវីដ-១៩ (ថ្វីត្បិតប្រទេសយើងបើកដំណើរការសាកល្បង) សូមរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ-១៩ និងចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ពិសេសលាងសម្អាតដៃជាប្រចាំ, ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារ បានចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន៧៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ី១យួរ, និងមី១កេស ។ ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារៗ ៥ម៉ឺនរៀល ។ ឯកឧត្តម សឹង សំណាង ជួយស័ង្កសី សម្រាប់ប្រក់ដំបូលផ្ទះ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តក់ផងដែរ ៕




.j.jpg)
ដោយ បៃ ស៊ីថុន, សម្រួលផ្សាយ៖ dara
0 comments:
Post a Comment