ភ្នំពេញ: ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ ក្នុងទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធធ្វើឡើងនៅបរិវេណវិមានឯករាជ្យ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។
យាង និងអញ្ជើញអមដង្ហែរព្រះរាជដំណើរព្រះករុណាព្រះមាហក្សត្រចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកានេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក និងវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហឫទ័យស្ដេចយាងប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងយាងប្រទាន ភ្លើងជ័យ ដែលដង្ហែរអមព្រះរាជដំណើរដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ដែលមានព្រះរាជវត្តមាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះសង្ឃ និងព្រះរាជាគណៈ ៩អង្គ ស្វាធ្យាយជយន្តោ ផងដែរ។ បន្ទាប់ពីពិធីបង្ហោះប៉េងប៉ោង ជានិមិត្តរូបនៃសន្តិភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វ ព្រះរាជហឫទ័យ ស្ដេចយាងតាមព្រះទីនាំងរថយន្តសំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គទូត និងកងកម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដែលបាន ចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅជុំវិញវិមានឯករាជ្យ។
ដោយឡែកនៅលើផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២១ បានសរសេរថា អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរម្លឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
គួររម្លឹកថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។
ជាមួយគ្នានេះដែរ តាមកម្មវិធីដែលបានគ្រោងទុក ព្រះរាជពិធីពន្លត់ ភ្លើងជ័យនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១៕ដោយ ជឹម ណារី
រូបថត៖ ខឹម សុវណ្ណារ៉ា ឡាញ់ វិសាល និងសួស សាវី
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd2JuQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0c3c28820612d335ff5e273d8e5a6d34d9cf9b34/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd2ZuQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2696e2fef5d23123c484924980c249a4bd757ae0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/7.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3ZuQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4dc6b65617d36311d1e52f0cd704acbe937dbd6c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd25uQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a8510c65d4564828538d2dee63bd2dce198eb7df/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/9.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3JuQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c408f87c148f3d948e2afc65433849d30fca69c1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/10.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3puQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9c48fdc3ba57505276daca36d0ed0c865f54768f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/11.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd2puQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a0ac2eda155b401d8497e2510cbceb7cb045203b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/12.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBdzNuQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8be5c7c67cc9879d36961c0904abf8da4efb632d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/13.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBdzduQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8572b10d16a28658c26ad161eb6e6e2e3bfda41d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/14.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBdy9uQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--06c3c673c9c5496f9a6424686a3493b78a6f5c99/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/15.jpg)
0 comments:
Post a Comment