រដ្ឋាភិបាលឡាវកាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានប្រកាសបើកសាលារៀនឡើងវិញនៅទូទាំងប្រទេស ខណៈដែលវិធានការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ មួយចំនួននៅតែបន្តអនុវត្តនៅទូទាំងប្រទេសរយៈពេល ១៥ថ្ងៃបន្ថែមទៀត ដោយចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី១៥ ខែវិច្ឆិកា។
រដ្ឋាភិបាលឡាវបាននិយាយថា ប្រទេសនេះត្រូវតែពង្រីកវិធានការទាំងនោះដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងនៅក្នុងសហគមន៍ ជាពិសេសនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ ព្រឹត្តិការណ៍សង្គម ការិយាល័យ ស្ថាប័ន និងគ្រួសារច្រើន។
ដូច្នេះហើយ ប្រទេសឡាវនៅតែបន្តបិទច្រកព្រំដែនដដែល លើកលែងតែច្រកព្រំដែនដែលត្រូវបានអនុញ្ញាតឱ្យបើកដោយគណៈកម្មាធិការជាតិបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ និងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។ បុគ្គលិកការទូត អ្នកដែលមកពីបណ្តាអង្គការអន្តរជាតិ អ្នកជំនាញ និងអ្នកវិនិយោគដែលមានតម្រូវការចូលទៅក្នុងប្រទេសនេះជាបន្ទាន់នឹងត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែត្រូវតែគោរពតាមវិធានការការពារជំងឺកូវីដ-១០ ទាំងអស់។
ការរៀបចំព្រឹត្តិការណ៍ និងសន្និសីទដែលមានមនុស្សលើសពី ៥០នាក់ត្រូវបានហាមឃាត់ រួមទាំងពិធីបុណ្យ និងសកម្មភាពសាសនានានាផងដែរ។
ការដឹកជញ្ជូនទំនិញក្នុងស្រុក និងក្រៅស្រុកនៅតែត្រូវបានអនុញ្ញាត ប៉ុន្តែអ្នកបើកបរតម្រូវឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

0 comments:
Post a Comment