ភ្នំពេញៈ សូមមាតា បិតា អាណាព្យាបាល របស់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ត្រូវជំរុញនិងនាំកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ។សូមកុំបារម្ភថា ខ្លាចអស់វ៉ាក់សាំងឱ្យសោះ ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល លោកបានគិតគូរខ្លាំងណាស់ ចំពោះការស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ និងកូន ចៅ របស់ប្រជាពលរដ្ឋ ដោយមិនឱ្យយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើង ដើម្បីបញ្ចប់ឫសគល់នៃជំងឺ កូវីដ-១៩ ។
នេះជាសារអំពាវនាវរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោក ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់វ៉ាក់ចំនួន៥ កន្លែងកាលព្រឹកថ្ងៃទី៧ ខែសីហា ។
ទីតាំងទី១-នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ , ទីតាំងទី២-នៅមណ្ឌលសុខភាពនិរោធ, ទីតាំងទី៣-នៅមណ្ឌលសុខភាពព្រែកឯង, ទីតាំងទី៤-នៅមណ្ឌលសុខភាពក្បាលកោះ និងទីតាំងទី៥-នៅមណ្ឌលសុខភាពព្រែកថ្មី ។
នៅក្នុងការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងទាំង៥នេះដែរ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារនិងយុវវ័យ ទាំងអស់ ដែល បានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល៕
សូមបញ្ជាក់ថា ៖គិតចាប់ពីថ្ងៃទី០១ សីហា មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅទូទាំងខណ្ឌច្បារអំពៅ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១០.២៥៥នាក់ ក្នុងចំនួនសរុប ប្រមាណ ជិត២ម៉ឺននាក់ ៕
0 comments:
Post a Comment