ភ្នំពេញ:ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធពីធីរំលឹកខួបលើកទី ៥៤ របស់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ដោយគូសបញ្ជាក់អំពីប្រធានបទនៃភាពជាប្រធានអាស៊ាននៅឆ្នាំនេះរបស់ប្រទេសប្រ៊ុយណេស្តីពី «យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន»។
ថ្លែងទៅកាន់ពិធីក្នុងទម្រង់និម្មិតដែលត្រូវបានផ្សាយបន្តផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមរបស់អាស៊ាន អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានសង្កត់ធ្ងន់ថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០ មក ប្លុកនេះបានឆ្លៀតឱកាសក្លាយជាសហគមន៍ដែលមានភាពរឹងមាំ និងមានភាពធន់។
លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់សមាគមនេះដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតសម្រាប់រយៈពេលវែងតាមរយៈការជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយទៅលើគ្រប់វិស័យ។
ចំណែកលោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ដើរតួនាទីវិជ្ជមានបន្ថែមទៀតក្នុងការបង្កើតការជម្រុញក្នុងតំបន់ដើម្បីលើកកម្ពស់គោលការណ៍ និងគុណតម្លៃដែលមានចែងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។
លោកស្រីបាននិយាយបន្ថែមថា «ជំងឺរាតត្បាតស្ទើរតែមិនមែនជាបញ្ហាប្រឈមតែមួយគត់របស់យើងនោះទេ សន្តិភាព និងស្ថេរភាពក្នុងតំបន់ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់របស់យើងផងដែរ។ ការប្រកួតប្រជែងអំណាចធំៗមិនបង្ហាញអំពីការថមថយឡើយក្នុងពេលឆាប់ៗនេះ និងមានសក្តានុពលក្នុងការបែងចែកក្នុងចំណោមពួកយើង»។
រួមជាមួយនឹងសុន្ទរកថាផ្លូវការ បណ្តាប្រធាន ឬអ្នកតំណាងនៃមជ្ឈមណ្ឌល និងសម្របសម្រួលអាស៊ានបានបង្ហាញអំពីបំណងប្រាថ្នារបស់ពួកគេចំពោះអាស៊ាន។
ដោយឡែក ដើម្បីរំលឹកដល់ទិវាអាស៊ានលើកទី ៥៤ លេខាធិការដ្ឋានអាស៊ានសហការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានបានរៀបចំ «ទិវាលក់តាមអ៊ីនធឺណិតអាស៊ាន» លើកទី ២ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនទីផ្សារអេឡិចត្រូនិកទៅកាន់អ្នកប្រើប្រាស់ក្នុងតំបន់។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំ។
ក្រៅពីនេះ ការប្រារព្ធពិធីនេះរួមបញ្ចូលទាំងការប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយដែលហៅថា «អាហារូបករណ៍អាស៊ាន-មេយប៊ែង» ដែលគាំទ្រដោយមូលនិធិធនាគារមេយប៊ែង (Maybank) ដែលជាអង្គភាពអាស៊ានដែលទើបនឹងបានទទួលស្គាល់ថ្មីៗនេះដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។ កម្មវិធីអាហារូបករណ៍នេះនឹងត្រូវបានសហការអនុវត្តដោយមូលនិធិអាស៊ាន និងបណ្តាញសាកលវិទ្យាល័យអាស៊ាន។ ការដាក់ពាក្យសុំសម្រាប់កម្មវិធីអាហារូបករណ៍នេះនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ។
ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានកំពុងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញជាសាធារណៈមួយនៅថ្ងៃទី១១ ខែសីហា ដោយផ្តោតសំខាន់ទៅលើបញ្ហាសុខភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល
0 comments:
Post a Comment