ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ កម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យកែសម្រួលជាបន្ទាន់ ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅកម្ពុជា។ ពោលគឺតាមសម្តេចតេជោ ហ៊ុន សែន មិនត្រូវទុកវ៉ាក់សាំង ក្នុងឃ្លាំង ខណៈដែលកម្ពុជាយើង សព្វថ្ងៃ មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋតាមផែនការ ១៣លាននាក់នោះទេ។
បទបញ្ជាខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយសម្តេចតេជោ ហ៊ុន សែន រកឃើញថា មួយរយៈពេលចុងក្រោយនេះ ដំណើរការនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្តជាច្រើន ហាក់ដូចជាយឺតយ៉ាវខ្លាំង ខណៈវ៉ាក់សាំងមាននៅក្នុងឃ្លាំងគ្រប់គ្រាន់។
ក្នុងសារសំឡេង មានរយៈពេលជាង ១៨នាទី សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា មកដល់ថ្ងៃនេះ មានខេត្តមួយចំនួន ចាក់វ៉ាក់សាំង បានតិច ដូចជា ខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ហើយខេត្តទាំងបីឡើងមកយកវ៉ាក់សាំងទាំងយប់ នៅភ្នំពេញ។ ក្នុងនោះ ខេត្តរតនៈគិរី ចាក់វ៉ាក់សាំង បានច្រើនជាងផែនការគ្រោងទុក ដែលត្រូវតែយកធ្វើជាគំរូ។
សម្តេចតេជោ បានដាក់ចេញនូវបទបញ្ជា ឱ្យអភិបាលខេត្តរាជធានីទាំងអស់ ត្រូវចាត់ទុកកិច្ចការប្រឆាំងកូវីដ១៩ ជាកិច្ចការអាទិភាពទី១ គឺត្រូវទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល លើបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើង នៅពេលនេះ។
សម្តេច ហ៊ុន សែន ហាមដាច់ខាត មិនឱ្យមានវ៉ាក់សាំង ដេកនៅក្នុងឃ្លាំង ក្នុងពេលដែលប្រជាជន ខ្វះវ៉ាក់សាំងចាក់នោះទេ។ ពេលនេះ វ៉ាក់សាំង មានគ្រប់គ្រាន់ ដែលត្រូវតែជំរុញឱ្យទៅដល់គោលដៅ ហើយក្រសួងការពារជាតិ និងកងទ័ពអាកាស ត្រូវប្រើឧទ្ធម្ភាគចក្រ ដឹកវ៉ាក់សាំង ទៅខេត្តឆ្ងាយៗ។
សូមរម្លឹកថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ២៥ ០៩៥ ១០០ដូស ( វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ច្រើនជាងគេ រហូតដល់ ២២ ៣០០ ០០០ដូស ) រួមមាន៖ ១-វ៉ាក់សាំងចិន Sinovac និង Sinopharm សរុប ២២ ៣០០ ០០០ដូស ( ១៨ ៥០០ ០០០ដូស ជាការបញ្ជាទិញ និង ៣ ៨០០ ០០០ដូស ជាជំនួយ ) ហើយ Sinovac ចំនួន ១៤ ៥០០ ០០០ដូស និង Sinopharm ៧ ៨០០ ០០០ដូស។ ២-AstraZeneca ជាជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផលិតនៅឥណ្ឌា ៣២០ ០០០ដូស។ ៣-AstraZeneca ជាជំនួយរបស់ប្រទេសជប៉ុន ១ ០០០ ០០០ដូស។ ៤-AstraZeneca ជាជំនួយរបស់អង់គ្លេស ៤១៥ ០០០ដូស។ ៥-Johnson & Johnson ជាជំនួយរបស់អាមេរិក ១ ០៦០ ១០០ដូស។
គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំង បានជាង ១០លាននាក់។ ក្នុងនោះ អាយុ ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំងបានជាង ៨លាន ៨៣ម៉ឺននាក់ និងកុមារអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំង បានជាង ១លាន ២៣ម៉ឺននាក់។ តាមផែនការ អ្នកអាយុចាប់ពី ១៨ឆ្នាំឡើង ត្រូវចាក់វ៉ាក់សាំង មានចំនួន ១០លាននាក់។ រីកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវចាក់វ៉ាក់សាំង នៅទូទាំងប្រទេសមានចំនួនប្រមាណជិតពីរលាននាក់។
រាជរដ្ឋាភិបាល បានលើកឡើងថា យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ នេះ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់ នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ មុនផែនការ ដែលបានគ្រោងទុក។
រាជរដ្ឋាភិបាល ចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជា ដើម្បីបង្កើតឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះ តាមគន្លងប្រក្រតីភាពថ្មី។
អ្នកជំនាញ លើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីជំងឺកូវីដ១៩ ព្រមទាំងធ្វើឲ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។
ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ ដែលតា បាននាំមកនូវបញ្ហាប្រឈាមថ្មីមួយទៀត សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយសារមេរោគបំប្លែងថ្មីនេះ មានសមត្ថភាព ចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទ ដែលតា ចំនួន ១៣២៥នាក់ នៅ ២៣រាជធានីខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះ។ ក្នុងនោះ ភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ រហូតដល់ ៣៧៥នាក់។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ កូវីដ ក៏នៅតែបន្តឆ្លងរាលដាលរៀងរាល់ថ្ងៃ នៅទូទាំងប្រទេស ចន្លោះពីជាង៤០០នាក់ ក្នុងមួយថ្ងៃៗ។ ក្នុងនោះ កាលពីថ្ងៃទី២៥ ខែសីហា មានអ្នកឆ្លងថ្មី ចំនួន ៤២៣នាក់ ជាសះស្បើយ ២៩១នាក់ និងស្លាប់ ៦នាក់។ គិតត្រឹមថ្ងៃទី២៦ ខែសីហា នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩០៩៥៨នាក់។ ករណីជាសះស្បើយ សរុបចំនួន ៨៦៩៩៣នាក់ និងករណីស្លាប់សរុប កើនឡើងដល់ ១៨៤១នាក់។
ដូច្នេះនៅពេលនេះ នៅពេលរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីខេត្ត ស្វះស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃហើយ គឺដល់វេនត្រូវចាក់ មិនថា ដូសទី១ ដូសទី២ ឬក៏ដូសទី៣ ជាដូសជំរុញនោះទេ គឺម្នាក់ៗ ត្រូវតែស្វះស្វែង ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ។
មកដល់ថ្ងៃទី២៥សីហា នៅសល់អ្នកចាក់វ៉ាក់សាំងតែជាង ២លាននាក់ទៀតនោះទេ នឹងសម្រេចតាមផែនការ ១៣លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ។
ទន្ទឹមនឹងចាក់វ៉ាក់សាំង ក៏តោងឲ្យម្នាក់ៗ ត្រូវតែបន្តអនុវត្តនូវវិធានការការពារកុំឲ្យឆ្លងកូវីដ ជាប់ជានិច្ច ពិសេស ៣កុំ និង ៣ការពារ។ រីឯអ្នកនៅកន្លែងពបិទខ្ទប់ ក៏ត្រូវតែអត់ធ្មត់បន្ត ហើយចូលរួមគោរព និងអនុវត្តនូវវិធានការទាំងនោះ ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង៕
0 comments:
Post a Comment