បាត់ដំបង: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
នៅថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គាទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង តំណាងឱ្យរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Jirawuth Suwanna ARJ ទីប្រឹក្សារដ្ឋមន្រ្ដីពាណិជ្ជកម្ម និង គណៈប្រតិភូស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជនថៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចមកនៅខេត្តបាត់ដំបង ចូលជួបសម្ដែងការគួរសម។
ក្នុងជំនួបនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយសារប៉ុន្មានខែចុងក្រោយនេះប្រទេសថៃ មានការផ្ទុះការរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរ ជាពិសេសគឺការផ្ទុះនូវជំងឺកូវីដ-១៩ ប្រភេទDeltaកាន់តែច្រើនឡើង ហើយចំណែកពលករចំណាកស្រុកខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ក៏នាំគ្នាសម្រុកត្រឡប់ចូលមកស្រុកកំណើតវិញ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបាននាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តបាត់ដំបង ។ នេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍អ្វីឡើយ ។ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នា កំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ហើយអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងធ្វើការរៀបចំចាត់ចែងបន្តក្នុងការចែកជូនពលករដែលកំពុងចត្តាឡីស័ក នៅក្នុងខេត្តបាត់ដំបងបន្តទៀតផងដែរ ។
អំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលភាគីមិត្តថៃប្រគល់ជូនពេលនោះមាន ទឹកប្រាក់ជិត ៧.០០០ដុល្លារអាម៉េរិក ផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចែកជូនពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ នៅតាមមណ្ឌលចត្តាឡីស័ក និងគោលបំណងទស្សនកិច្ចនេះ ក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នការសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគរបស់ភាគីថៃ នៅក្នុងខេត្តបាត់ដំបង ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNktPQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--20a6ecd53eb699508d8e303f4dd568e4b83a36d7/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-07-28_08-31-02.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNkdPQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--689aa8dbca53e6fc1f3fcf5b3a97dbddead6e5bb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-07-28_08-31-02%20(2).j.jpg)
(ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលផ្សាយ៖fbitvonline
0 comments:
Post a Comment