រតនគិរី៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យការសាងសង់ទីស្នាក់ការប្រចាំការដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចអូរវាក់ ព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់។ ការចុះត្រួតពិនិត្យនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំប្រទល់ជាច្រើនរូបទៀត។
ក្នុងឱកាសនៃចុះពិនិត្យការសាងសង់ទីស្នាក់ការប្រចាំការត្រួតពិនិត្យនេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តបាន មានប្រសាសន៍កោតសរសើរដល់កងកម្លាំងឈរជើង នៅខ្សែបន្ទាត់ព្រំប្រទល់ខេត្ត និងខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារមិនគិតនឿយហត់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ កុំអោយឆ្លងចូលមកសហគមន៍របស់យើង។ ឯកឧត្តមបានបន្ថែមថា ទីស្នាក់ការនេះនឹងអាចសម្របសម្រួល ដល់ការងាររបស់កងកម្លាំងឈរជើងទាំងអស់បានកាន់តែប្រសើរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានផ្ដាំផ្ញើកងកម្លាំងដែលប្រចាំការទាំងអស់ត្រូវបន្ដអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ត្រូវលាងដៃអោយបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពអោយបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើងពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថាទីស្នាក់ការប្រចាំការត្រួតពិនិត្យកូវីដ-១៩ ដែលកំពុងសាងសង់នេះមាន ទទឹង៩ម៉ែត្រ និងបណ្ដោយ១៦,៥ម៉ែត្រ រួចគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗខាងមុខនេះ៕ ដោយ៖ មន្ទីរព័ត៌នមានខេត្តរតនគិរី សម្រួលផ្សាយដោយ៖ ធូ កុសល
0 comments:
Post a Comment