រតនគិរី៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបានលុង សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ខេត្ត និង ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានប្រមូលអ្នកបើកម៉ូតូកង់បី(ផាស្អាប់ Passapp) មកធ្វើតេស្ដរហ័ស នៅរង្វង់មូលមុខផ្សារបានលុង បានចំនួន៤០គ្រឿង ដោយសារមានករណីវិជ្ជមានកាលពីថ្ងៃទី០៤ ខែមិថុនា គឺអ្នកវិជ្ជមានគាត់បានជិះម៉ូតូកង់បី(ផាស្អាប់ Passapp) ពីចំណុចមុខសាលាសង្កាត់កាចាញទៅកាន់ភូមិរបស់គាត់។ ដែលជាលទ្ធផលធ្វើតេស្ដនាព្រឹកនេះ គឺអវិជ្ជមានទាំងអស់។
សូមបញ្ជាក់ថាអ្នកវិជ្ជមានដែលរកឃើញកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានឈ្មោះ យុស តុច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិគ្រឹង មុខរបរជាកសិករ មានទីលំនៅភូមិតងក្រពូ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
តាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តរតនគិរីបានអោយដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បុរសវិជ្ជមានខាងលើ បានធ្វើដំណើរចេញពីភូមិតងក្រពូ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ទៅភ្នំពេញស្នាក់នៅផ្ទះបងថ្លៃនៅផ្សារតូច ។ បន្ទាប់មកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ គាត់បានទៅពិនិត្យសុខភាព នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យទៅធ្វើការនៅកូរ៉េ ។
លុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ គាត់បានធ្វើដំណើរតាមរថយន្ដឈ្នួលពីភ្នំពេញ មកខេត្តរតនគិរី តាមរថយន្ដម៉ាក FORD ផ្លាកលេខភ្នំពេញ 2Q-2678 ដល់ចំណុចមុខសាលាសង្កាត់កាចាញ ក្រុងបានលុង បានចុះជិះផាស្អាប់ពណ៌លឿង(មិនស្គាល់អត្តសញ្ញាណ) មកដល់ភូមិ បន្ដជិះម៉ូតូផ្ទាល់ខ្លួនមកដេកផ្ទះចម្ការ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បុគ្គលខាងលើមានចេញរោគសញ្ញាគ្រុនក្ដៅ ក្អក ទើបក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះមកធ្វើតេស្ដរហ័សបង្ហាញថា វិជ្ជមានជំងឺកូវីដ-១៩ ចំណែកប្រពន្ធ និងកូនគឺទទួលបានលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកអវិជ្ជមានខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល និងដាក់ចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងខេត្តរតនគិរី មានករណីវិជ្ជមាន សរុបចំនួន ១៨នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន៥នាក់៕ ដោយ ៖ មន្ទីរព័ត៌មានខេត្តរតនគិរី



0 comments:
Post a Comment