ខេត្តក្រចេះ ៖ ដោយសារតែមានភ្ញាក់ផ្អើលតៗគ្នាតាមសង្គមថា ផ្ទះបុរាណដែលមានសសរ១០០ ត្រូវបានអាជ្ញាធររុះរើចេញនោះ នៅពេលនេះខាងមន្ទីរ
ឆ្លើយតបទៅនឹងកង្វល់នឹងការរិះគន់ខាងលើលោកស្រី ខាំ សុភាព អភិបាលរងខេត្ត រងទទួលបន្ទុកផ្នែកវប្បធម៌ខេត្តក្រចេះ ព្រមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការរុះរើនេះធ្វើឡើង ដើម្បីជួយសង្គ្រោះដល់សំណង់ផ្ទះបុរាណមួយនេះឱ្យរួចផុតពីការខូចខាតដោយប្រការណាមួយ ដ្បិតម្ចាស់ផ្ទះស្នើសុំអាជ្ញាធរខេត្តរុះរើ ដើម្បីយកដីសង់ផ្ទះថ្មីចែកជូនដល់កូនចៅរបស់គាត់។

ក្រោយទទួលបានដំណឹងនេះភ្លាម ក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយ លោកជំទាវ ខាំ សុភាព បានចុះទៅសម្របសម្រួលជាមួយម្ចាស់ផ្ទះជាច្រើនលើកច្រើនសាររហូតដល់ថ្ងៃទី ០៥ កាលពីខែឧសភា ឆ្នាំ២០២០ ទើបម្ចាស់ផ្ទះយល់ព្រមទទួលសំណងជាថវិកាអំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់ពីមានការព្រមព្រៀង ក្រសួងបានខិតខំស្វះស្វែងរកថវិកាដើម្បីដោះស្រាយជាមួយម្ចាស់ផ្ទះ ដោយឡែកម្ចាស់ផ្ទះបានរំអុកស្នើសុំឱ្យក្រសួងចុះរុះរើផ្ទះជាបន្ទាន់ បើមិនដូច្នោះទេគាត់នឹងប្តូរចិត្តលែងប្រគល់ផ្ទះសសរ១០០នេះ ជូនដល់ក្រសួងថែរក្សាបន្តឡើយ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈក្រុមការងារក៍សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបជាថ្មីម្តងទៀតថា ការរុះនេះមិនមែនជាការបំផ្លាញឡើយ ប៉ុន្តែជាការរុះរើមួយដែលមានការត្រួតពិនិត្យហ្មត់ចត់ហើយមានការពិគ្រោះយោបល់ជាមួយក្រុមបុរាណវិទូ ស្ថាបត្យករ និងវិស្វករជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គោលបំណងចម្បងនៃការរុះរើ គឺបញ្ចៀសការខូចខាតគ្រឿងឈើឱ្យបានតិចតួចបំផុត សព្វថ្ងៃនេះក្រសួងបានយកសំណង់នេះទៅសាងសង់ឡើងវិញនៅក្នុងបរិវេណវត្តរកាកណ្តាល នាទីរួមខេត្តក្រចេះដែលជាទីតាំងសំណង់វត្តបុរាណដ៏ល្បីល្បាញមួយរបស់ខេត្តនិងថ្នាក់ជាតិ។ សំណង់សសរ១០០នឹងមិនបាត់បង់ទៅណាឡើយ ត្បិតក្រោយការសាងសង់ និងការជួសជុលឡើងវិញ ផ្ទះនេះនឹងក្លាយទៅជាមន្ទីរ និងជាមរតកសំណង់បុរាណខ្មែរដ៏មានតម្លៃ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបានចូលទស្សនានិងស្រាវជ្រាវ។

សូមបញ្ជាក់ថា ផ្ទះសសរ១០០ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានចាប់ផ្តើមរុះរើកាលពីថ្ងៃ២១ ខែមិថុនា កន្លងទៅនេះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្របសម្រួលជាមួយម្ចាស់ផ្ទះ ដោយបានប្រគល់ថវិកាមួយចំនួនទៅឲ្យម្ចាស់ផ្ទះ ដើម្បីធ្វើការរុះរើផ្ទះបុរាណនេះ ទៅធ្វើការសាងសង់ឡើងវិញ។

ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំ ដែលកាលពីដើមផ្ទះបុរាណនេះ មានឈើប្រណីតចំនួន១០០ដើមប៉ុន្តែកាលពីសម័យប៉ុលពត បានរុះរើល្វែងមុខ នឹងល្វែងវែងក្រោយអស់ខ្លះ ហើយមកដល់សព្វថ្ងៃនេះ នៅ សល់ត្រឹម ៤០ដើមប៉ុណ្ណោះ ដែលកំពុងដំណើរការសាងសង់នៅក្នុងបរិវេនវត្តរកាកណ្ដាល ក្នុងក្រចេះ៕















0 comments:
Post a Comment