កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានប្រារព្ធពិធីផ្សព្វផ្សាយ អនុសាសន៍១១ចំណុច ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ទស្សនយេនឌ័រ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ស្ថិតក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម ម៉ារីណា អគ្គនាយករង នៃអគ្គនាយដ្ឋានយោធសេវា និងជាអនុប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ លោកអនុសេនីយ៍ត្រី ឌី សុភាព នាយរងការិយាល័យអប់រំចិត្តសាស្ត្រ និងជាប្រធានក្រុមការងារយេនឌ័រ កងពលតូចដឹកជញ្ជូនលេខ៩០ ស្តីអំពីសកម្មភាព និងស្ថានភាពយោធិននារី ក្នុងកងពលតូចដឹកជញ្ជូនលេខ៩០រួចមក, លោកជំទាវ លឹម ម៉ារីណា ក្នុងនាម លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ ក៏ដូចជា សម្តេចពិជ័យសេនា ទៀ បាញ់ និងមេបញ្ជាការ កងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះក្រុមការងារយេនឌ័រ កងទ័ពជើងគោក ដែលបានចុះមកផ្សព្វផ្សាយតាមទិសដៅរបស់ក្រសួងការពារជាតិ និងមានគោលបំណងបង្កើនការយល់ដឹងពីសារៈសំខាន់ ចំពោះប្រទេសជាតិរបស់យើងធ្វើការអភិវឌ្ឍន៍ និងដើម្បីឲ្យកងទ័ពយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់សា្ថភាពរបស់ស្ត្រីកម្ពុជា ក្នុងការចូលរួមគ្រប់វិស័យ ព្រមទាំងបង្កើនការយល់ដឹងអំពីទស្សនយេនឌ័រ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩០ ទាំងអស់ស្វែងយល់ លើខ្លឹមសារ ស៊ីជម្រៅការងារយេនឌ័រ សមភាព សមធម៌យេនឌ័រ និងការលើកស្ទួយ នៃសមត្ថភាពរបស់នារី នៃកងយោធពលខេមរភូមិន្ទ ស្របតាមផែនការយេនឌ័រ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក។
លោកជំទាវ លឹម ម៉ារីណា បានគូសបញ្ជាក់ថា៖ អនុសាសន៍១១ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ស្តែងឲ្យឃើញពីការទប់ស្កាត់រាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ ការជួញដូរផ្លូវភេទ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងយល់ច្បាស់អំពីសមភាពយេនឌ័រ ហើយធ្វើយ៉ាងណាស្រាវជ្រាវ រាល់ស្ថានភាពលំបាករបស់ស្រ្តី ជាមួយបុរស ដែលកត្តាសំខាន់បំផុត ដើម្បីធានាបាននូវសុខសន្តិភាព ប្រកបដោយចេរភាពក្រោមការដឹកនាំ និងនយោបាយឈ្នះ ឈ្នះ ព្រមទាំងរក្សាប្រពៃណី វប្បធម៌ របស់ប្រទេសជាតិកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ តែងតែយកចិត្តទុកដាក់គាំទ្រ ព្រមទាំងជួយឧបត្ថម្ភ ទាំងស្មារតី ថវិកា និងសម្ភារៈ ដល់យុទ្ធនារី ក្នុងកងពលតូចដឹកជញ្ជូនលេខ៩០ របស់កងទ័ពជើងគោក ក្នុងនោះដែរ សំណូមពរដល់មេបញ្ជាការ កងពលតូចលេខ៩០ គាំទ្រនារីបន្តទៀត ហើយផ្តល់ឱកាសដល់យោធិននារី បានចូលរួមគ្រប់សកម្មភាពការងារ។ នៅក្នុងឱកាសនោះ បន្ទាប់ពីបានប្រារព្ធពិធីបើករួចមក ក្រុមការងារយេនឌ័រកងទ័ពជើងគោក បានផ្សព្វផ្សាយនូវអនុសាសន៏ ១១ចំនុចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនឹងការយល់ដឹងអំពើហឹង្សាក្នុងគ្រួសារជូនអង្គពិធីជាបន្តបន្ទាប់។
បន្ទាប់ពីបានប្រារព្ធពិធីផ្សព្វផ្សាយអស់រយៈពេលពេញ មួយថ្ងៃរួចមក ពិធីផ្សព្វផ្សាយបានប្រាព្ធបិទ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក។ អញ្ជើញមានប្រសាសន៏សំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី បានមានប្រសាសន៏ថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តជម្រុញការអនុវត្តន៏បញ្ជ្រាបយេនឌ័រ ឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តន៏គោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងលើកកម្ពស់ស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឱកាសឲ្យនារីនៅក្នុងកងយោធពលខេមរភូមិន្ទ កាន់តែប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ។
ឯកឧត្តម ចាប វ៉ាន្នី បានលើកឡើងថា៖ អនុសាសន៏ របស់សម្តេចតេជោបានស្តែងឲ្យឃើញការលុបរាល់ទំរង់នៃការរើសអើងលើស្ត្រី់ ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទីសំរាប់ថ្នាក់ដឹកនាំនារី, ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច, បង្កើនច្បាប់ជួញដូរផ្លូវភេទ, បង្កើនគំរោងជួយ ឲ្យឃើញការលុបរាល់ទំរង់នៃការរើសអើងលើស្ត្រី់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះពីអំពើហឹង្សាក្នុងគ្រួសារ។ ឯកឧត្តម ចាប វ៉ាន្នី ក៏បានសំនូមពរដល់ឯកឧត្តម អស់លោក មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង យោធភូមិភាគ តំបន់ប្រតិប្តការសឹកខេត្ត កងពលដោយផ្ដល់ឱកាស និងជំរុញលើកទឹកចិត្តដល់នាយទាហានជានារី ក្នុងការទទួលបាននូវតួនាទី និងឋានន្តរសក្តិ ដោយផ្តល់ឱកាស និងយកចិត្តទុកដាក់ ជម្រុញលើកទឹកចិត្ត លុបបំបាត់ទស្សនរើសអើងលើស្ត្រី បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៏ ៕
0 comments:
Post a Comment