វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខណ្ឌសាលាពលទាហានចំណុះយោធភូមិភាគឆ្នាំ២០២០ ត្រូវបានប្រារព្ធពិធីបិទនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការកងទ័ពជើងគោក ដែលពិធីបិទវគ្គបានប្រព្រឹត្តទៅនៅមូលដ្ឋាន ខភម តេជោសែនភ្នំម្រះព្រៅខេត្តកំពង់ស្ពឺ។ នៅក្នុងឱកានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រតិភូទាំងអស់បានទស្សនាការសម្តែងសមត្ថភាពបាញ់គ្រាប់ពិតថ្នាក់ក្រុមថ្មើរជើងជាបន្តបន្ទាប់។
ក្នុងរបាយការណ៍បិទវគ្គហ្វឹកហ្វឺន ដែលបានរាយការណ៍ដោយ ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយសេនាធិការរង កងទ័ពជើងគោក និងជានាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក បានបញ្ជាក់អោយដឹងថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខណ្ឌសាលាពលទាហានចំណុះយោធភូមិភាគឆ្នាំ២០២០ បានដំណើរការហ្វឹកហ្វឺនអស់រយៈពេល ៤ខែ, ចាប់ពីថ្ងៃទី១៥ ខែមិថុនា, ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមចំនួន ១៦០ នាក់ ដោយបានសិក្សាលើខ្លឹមសារមេរៀនសំខាន់ៗរួមមាន គរុកោសល្យ ,ជំនាញ និងថ្នាក់យុទ្ធវិធី និងបច្ចេកទេសថ្មើរជើង ឋានលេខា អប់រំចិត្តសាស្ត្រ, លំហាត់របៀប អប់រំកាយ និងកីឡា។ ជាលទ្ធផលពេលបញ្ចប់វគ្គ សិក្ខាកាមប្រលងជាប់ពិន្ទុ ១៥៩នាក់ ស្មើនឹង ៩៩.៣៨%។ នៅក្នុងឱកាសនោះគណៈអធិបតី ក៏បានឡើងប្រគល់លិខិតបញ្ជាក់ការសិក្សា បណ្ណាល័យសរសើរ លិខិតសរសើរ ជូនដល់សិក្ខាកាម និងអង្គភាព ក្នុងមានប្រគល់បណ្ណសរសើរដល់អង្គភាពចំនួន ៥ អង្គភាព,ប្រគល់ប័ណ្ណសរសើរដល់បុគ្គលចំនួន ២២រូប និងប្រគល់លិខិតសរសើរដល់បុគ្គលចំនួន ៣៨រូប។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលទ្ធផលជោគជ័យនេះ និងបានចាត់ទុកថា វគ្គនេះជាវគ្គគំរូទីមួយសម្រាប់កងទ័ពជើងគោក ដោយសារវិធីសាស្ត្រ និងនីតិវិធីក្នុងការជ្រើសរើសសម្រិតសម្រាំងសិក្ខាកាមមានលក្ខណៈល្អិតល្អន់ច្បាស់លាស់។ នេះគឺជាជោគជ័យ ដែលកើតឡើងពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ថ្នាក់ដឹកនាំកងទ័ពជើងគោក, គណៈកម្មការពង្រឹងសមត្ថភាពកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ និងក្រុមការងារទាំងអស់។ ហើយអ្នកដែលទទួលផលពីជោគជ័យនេះ គឺកងទ័ពជើងគោក ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសសិក្ខាកាមផ្ទាល់តែម្តង។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា៖ វគ្គបណ្តុះបណ្តាលនេះ ពិតជាបានឆ្លើយតបទាំងបរិមាណ និងគុណភាពទៅនឹងតម្រូវការ នៃការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហាន ឱ្យក្លាយជាគ្រូលើមុខជំនាញនីមួយៗ ដែលជាធនធានកំពុងខ្វះខាត ដើម្បីបំពេញក្របខ័ណ្ឌដល់បណ្តាសាលាពលទាហាន ចំណុះយោធភូមិភាគ ស្របតាមផែនការទិសដៅការងារអាទិភាពរបស់កងទ័ពជើងគោក ដែលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ។ ចំពោះសិក្ខាកាម ដែលបានបញ្ចប់វគ្គ នឹងក្លាយជាយោធាចារ្យ ឬបំពេញភារកិច្ចតាមជំនាញនៅតាមបណ្តាសាលា និងអង្គភាពនានា ចំណុះកងទ័ពជើងគោក ដែលថ្ងៃក្រោយនឹងមានឱកាសបណ្តុះបណ្តាលបន្តដល់យោធិនរាប់រយរាប់ពាន់នាក់ផ្សេងទៀត។ ជាពិសេសអ្វីដែលសំខាន់ គឺវគ្គហ្វឹកហ្វឺននេះ បានផ្តល់ដល់សិក្ខាកាមនូវសមត្ថភាព ក្នុងការរៀបចំផែនការបណ្តុះបណ្តាល, ការដឹកនាំហ្វឹកហ្វឺន, ការដឹកនាំធ្វើសមយុទ្ធ, ចេះធ្វើមេរៀន, ចេះឡើងថ្នាក់ និងមានគរុកោសល្យច្បាស់លាស់ ក្នុងការបង្រៀនទាំងនៅក្នុងថ្នាក់ និងនៅលើទីលាន ហើយការក្លាយខ្លួនជាយោធាចារ្យ គឺជាជំហានថ្មីមួយទៀត នៅក្នុងអាជីពយោធា គឺជាភារកិច្ចដ៏សំខាន់មួយដែលត្រូវបំពេញ ដោយហេតុថា ម្យ៉ាងគឺការចូលរួមរបស់យើងជួយទៅដល់កងទ័ព និងជាតិមាតុភូមិ តាមរយៈការខិតខំនៅក្នុងការបណ្តុះបណ្តាលធនធានសិស្សរបស់យើង។
ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ តាមរយៈការហ្វឹកហ្វឺនអស់រយៈពេលបួនខែ កន្លងមកនេះ បានបង្កើន និងរំលឹកសមត្ថភាពឡើងវិញ ពីព្រោះថាជាក់ស្តែង សមត្ថភាព និងចំណេះដឹងមូលដ្ឋានលើជំនាញយោធាទាំងនេះ សិក្ខាកាមយោធាចារ្យនៅក្នុងវគ្គនេះ សុទ្ធតែមានរួចមកហើយតាមរយៈការឆ្លងកាត់ការបណ្តុះបណ្តាលនៅក្នុងសាលានាយទាហាន កន្លងមក ៕
0 comments:
Post a Comment