ភ្នំពេញ៖កាលពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃអាទិត្យ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹក លើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោតលើភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ក្រុមការងារ បច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០,៥០ ម៉ែត្រ(កន្លះម៉ែត្រ) ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែម បង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានការលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។ សូមបញ្ជាក់ ថា ស្ថានភាពទឹកនៅបន្តឡេីងបន្ថែមទៀត តែមិនទាន់មានអ្វីដែលជាការយាយីដល់រាជធានីភ្នំពេញនៅឡេីយទេ ដោយក្រុម ការងារបច្ចេកទេសរបស់ក្រសួង បានធ្វើការបិទរូងនាគជាច្រើនកន្លែងនៅតាមតួទំនប់ និងយាមប្រចាំការ ២៤ ម៉ោងលេី ២៤ ម៉ោងអស់ រយៈពេលជាង១សប្តាហ៍មកហើយ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ស្ថាប័ន ដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជននិងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរជាពុំខាន ៕ ប្រភព: វិទ្យុជាតិកម្ពុជា៖


0 comments:
Post a Comment